ភ្នំពេញ: សកម្មជនដីធ្លីបឹងកក់ប្រមាណ ៣០ នាក់បានជួបជុំគ្នាឡើងវិញកាលពីម្សិលមិញផ្តើមសកម្មភាពយុទ្ធនាការពណ៌ខ្មៅនៅសហគមន៍បឹងកក់ដោយបានលើកបដារូបមន្ត្រីជាប់ឃុំ និងតំណាងរបស់ខ្លួន និងបានស្រែកឱ្យមានការដោះលែងអ្នកជាប់ឃុំទាំងនោះ។
ការទាមទាររបស់ពួកគេបានឈានដល់សប្តាហ៍ទី ៣៦ និង ១៤៦ ថ្ងៃដែលពួកគេបានស្លៀកពាក់ខ្មៅ ដើម្បីបង្ហាញភាពអយុត្តិធម៌ និងជំរុញទៅរដ្ឋាភិបាលឱ្យដោះលែងតែនៅតែមិនមានដំណោះស្រាយ បើទោះបីជាមានការសន្យានាពេលថ្មីៗកន្លងមកនេះក្រោយពីជំនួបខាងនយោបាយរវាងមន្ត្រីជាន់ខ្ពស់មកពីគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ។
មន្ត្រីសិទ្ធិមនុស្សដែលជាប់ពន្ធនាគារទាំង ៤ រូបនោះរួមមានលោក យី សុខសាន្ត លោកស្រី លឹម មុនី លោក នី សុខា និង លោក ណៃ វ៉ង់ដា ដែលត្រូវបានឃុំខ្លួនបណ្តោះអាសន្នចាប់តាំងពីដើមខែឧសភាឆ្នាំ ២០១៦ ដោយត្រូវបានចោទប្រកាន់ពីបទសូកប៉ាន់សាក្សីក្នុងសំណុំរឿងអ្នកនាង ខុម ចាន់តារាទី ហៅ ស្រីមុំ ដែលត្រូវបានគេអះអាងថាជាស្រីកំណាន់លោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ។
ក្រោយមកសកម្មជនដីធ្លីអ្នកស្រី ទេព វន្នី ដែលធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅត្រូវបានអាជ្ញាធរឃាត់ខ្លួន និងសាកសួរពីមូលហេតុនៃយុទ្ធនាការនេះ បន្ទាប់មកតុលាការសម្រេចធ្វើការឃុំខ្លួនដោយចោទប្រកាន់រឿងហិង្សាផ្សេងដែលបានកើតឡើងនៅក្បែរផ្ទះនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីឆ្នាំ ២០១៣។
សកម្មជនម្នាក់ក្នុងចំណោមអ្នកតវ៉ាទាំងនោះគឺ អ្នកស្រី បូវ សោភា បានថ្លែងនូវក្ដីសង្ឃឹមថាជំនួបចរចារវាងថ្នាក់ដឹកនាំបក្សទាំងពីរនាពេលឆាប់ៗខាងមុខនេះនឹងពាំនាំដំណឹងល្អដោយនឹងមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្ត្រីគជប និងសកម្មជនដីធ្លី។
អ្នកស្រី សោភា ថ្លែងថា៖ «នៅថ្ងៃនេះពួកគេនឹងធ្វើញត្តិដាក់ទៅរដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោក ស ខេង ប្រធានរដ្ឋសភាលោក ហេង សំរិន ដើម្បីជួយអន្តរាគមន៍ផ្តល់យុត្តិធម៌»។
តំណាងអ្នកតវ៉ាម្នាក់ទៀតកញ្ញា សង់ ស្រីលាភ បានថ្លែងថាប្រសិនបើរដ្ឋាភិបាលនៅតែព្រងើយកន្តើយមិនមានការដោះលែងអ្នកជាប់ឃុំទាំងនោះទេ ពួកគេនឹងបន្តធ្វើយុទ្ធនាការនេះរហូតហើយនឹងអាចមានធ្វើជាទ្រង់ទ្រាយធំផងដែរ ។
ស្រីលាភ បញ្ជាក់ថាការបន្តធ្វើយុទ្ធនាការនេះដោយអស់ជំនឿលើការសន្យារបស់មន្ត្រីរដ្ឋាភិបាលនាពេលកន្លងមក។
ស្រីលាភ ថ្លែងថា៖ «យើងបានផ្អាកយុទ្ធនាការហ្នឹងចំនួនពីរសប្តាហ៍ហើយដើម្បីរង់ចាំការស្តាប់តាមប្រសាសន៍ឧបនាយករដ្ឋមន្ត្រី ស ខេង ដែលគាត់មានប្រសាសន៍ក្នុងខែធ្នូថានឹងមានការដោះលែងមន្ត្រីអង្គការសង្គមស៊ីវិល និងសកម្មជនដីធ្លីឱ្យមានសេរីភាពតែផ្ទុយទៅវិញនោះមិនមានការដោះលែងទេអ៊ីចឹងនេះជាសប្តាហ៍ដែលយើងចាប់ផ្តើមប្រារព្ធយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅឡើងវិញ»។
បន្ទាប់ពីផ្អាកសកម្មភាពមួយរយៈសកម្មជនដីធ្លីបឹងកក់បានវិលត្រឡប់មកធ្វើយុទ្ធនាការថ្ងៃចន្ទពណ៌ខ្មៅវិញដោយអស់ជំនឿលើថ្នាក់ដឹកនាំគណបក្សកាន់អំណាចដែលធ្លាប់សន្យាថានឹងមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស មន្រ្តី គជប និងសកម្មជនដីធ្លីតាមរយៈការស្រុះស្រួលនយោបាយនៅចុងឆ្នាំ ២០១៦ ខណៈឈានចូលដល់ដើមឆ្នាំ ២០១៧ ពុំទាន់មានពន្លឺវិជ្ជមាននៃការដោះលែងវិញ។
យ៉ាងណាក៏ដោយក្រុមសកម្មជនសង្ឃឹមថារដ្ឋមន្ត្រីក្រសួងមហាផ្ទៃនឹងធ្វើការរួបរួមជាមួយគណបក្សសង្គ្រោះជាតិដើម្បីបង្រួបបង្រួមជាតិ និងដោះស្រាយទុក្ខលំបាករបស់ប្រជាពលរដ្ឋដែលកំពុងជួបប្រទះ។
កាលពីដើមខែធ្នូប្រធានក្រុមតំណាងរាស្ត្រសំឡេងភាគច្រើននៃរដ្ឋសភាលោក ស ខេង បានបង្ហើបឱ្យដឹងថានឹងមានការដោះលែងមន្ត្រីសិទ្ធិមនុស្ស និងមន្ត្រី គ.ជ.ប នៅចុងខែធ្នូតាមរយៈការស្រុះស្រួលនយោបាយជាមួយគណបក្សសង្គ្រោះជាតិ ខណៈខែធ្នូបានបញ្ចប់ទៅហើយមិនទាន់ឃើញមានពន្លឺវិជ្ជមាននៃការដោះលែងអ្នកទាំងនោះនៅឡើយទេ។ បក្សទាំងពីរគ្រោងជួបគ្នាសាជាថ្មីនៅខែនេះ៕ (http://www.postkhmer.com)
Comments
Post a Comment