http://www.camnews.org/
បណ្តុំឡូហ្គោគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)
បណ្តុំឡូហ្គោគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងប្រកបអាជីវកម្មនៅកម្ពុជា (រូបភាពហ្វេសប៊ុកនាយករដ្ឋមន្ត្រី)
មន្ត្រីជាន់ខ្ពស់នៃក្រសួងព័ត៌មាន គ្រោងស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដើម្បីសុំកាត់បន្ថយការផ្សព្វផ្សាយពាក្យឃ្លា «មីក្រូហិរញវត្ថុជារបស់ឯកជន មិនមែនរបស់រដ្ឋទេ» ដោយថា កុំឲ្យពលរដ្ឋធុញទ្រាន់នឹងសំឡេងនេះ។
គម្រោងស្នើសុំនេះ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបញ្ជាឲ្យក្រុមហ៊ុនទូរសព្ទនិងបណ្តាញប្រព័ន្ធផ្សព្វផ្សាយ ឲ្យជួយផ្សាយថា «មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ» ខណៈលោក ហ៊ុន សែន ក៏បានបញ្ជាផ្ទាល់បន្ថែមទៀត ឲ្យម្ចាស់ក្រុមហ៊ុនទូរសព្ទទាំងអស់ ត្រូវចាក់សារជាសំឡេងដូចគ្នានេះ តាមរយៈការហៅទូរសព្ទ ដែលហៅជាភាសាអង់គ្លេសថា Call Tunes។
ក្នុងកម្មវីធីសន្និបាតបូកសរុបលទ្ធផលការងារមួយកាលពីថ្ងៃទី២មីនាម្សិលមិញ រដ្ឋមន្ត្រីក្រសួងព័ត៌មាន លោក ខៀវ កាញារីទ្ធ បានថ្លែងថា ការផ្សព្វផ្យាយពាក្យស្លោកថា «មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ» ជារៀងរាល់ថ្ងៃរហូតដល់ពេញមួយឆ្នាំ អាចធ្វើឲ្យពលរដ្ឋខ្លះ មានការធុញទ្រាន់នឹងសំឡេងសារនេះ។
លោក ខៀវ កាញារីទ្ធ បញ្ជាក់ថា លោកនឹងស្នើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន អន្តរាគមន៍ទៅក្រុមហ៊ុនទូរសព្ទនិងប្រព័ន្ធផ្សព្វផ្សាយ ឲ្យកាត់បន្ថយការផ្សាយនៅត្រឹមមួយសប្ដាហ៍ម្ដង ឬមួយខែម្ដងវិញ។
លោកមានប្រសាសន៍ថា៖ «យើងមិនអាចរត់តែរឿងហ្នឹង [មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ ]តែរហូតមួយឆ្នាំ វាទៅជាជ្រិញវិញហើយ។ ប្រហែលជាខ្ញុំ ពិគ្រោះ សុំយោបល់ពីសម្តេចនាយករដ្ឋមន្ត្រី ថាយើងរត់១អាទិត្យចប់ ត ឬបន្ទាប់មក១ខែ យើងចេញមួយដងទៅវិញ ជាការល្អ។ គឺជាបញ្ហាបច្ចេកទេ»។
ទោះជាយ៉ាងណា លោក ខៀវ កាញារីទ្ធ មិនបានបញ្ជាក់ពីពេលវេលាជាក់លាក់ ដែលថាគ្រោងស្នើទៅលោក ហ៊ុន សែន នោះទេ។
បើយើងក្រឡេកទៅមើលក្នុងបណ្តាញសង្គមហ្វេសប៊ុក អ្នកប្រើប្រាស់ជាច្រើន បានបង្ហោះ និងចែករំលែកគ្នា ហើយអ្នកខ្លះទៀតក៏ បានធ្វើត្រាប់តាម ការផ្សព្វផ្យាយឃ្លាថា “មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋ” ដូចនេះថា។ ខ្លឹមសារនោះមានន័យថា «គ្រឹះស្ថានរបស់មេក្រូហិរញ្ញវត្ថុទំាងអស់ជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ សូមប្រជាពលរដ្ឋកុំយល់ច្រឡំ និយាយដដែលៗ ធុញខ្លួនឯងទេ [….] តែលេខនេះ ដូចជាលេខវា ហើយច្បាស់ណាស់លេខហ្នឹង ម៉េចក៏តេទៅ ឮសំឡេងមនុស្សស្រីនិយាយវិញ។ មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋនោះទេ ខលមកបង អូននឹងឮមីក្រូហិរញ្ញវត្ថុក្នុងទូរសព្ទបងរំលឹកប្រាប់អូនថាមិនមែនជារបស់រដ្ឋទេ។ មីក្រូហិរញ្ញវត្ថុមិនមែនជារបស់រដ្ឋទេអូន គឺជារបស់ឯកជន អូនដឹងហើយ មិនបាច់នឹកអូនរាល់ថ្ងៃអញ្ចឹងទេ»។
ប្រជាពលរដ្ឋម្នាក់នៅរាជធានីភ្នំពេញ លោក ឃុត សំអូន បានឲ្យដឹងថា លោកក៏អំពាវនាវឲ្យផ្អាកការផ្សព្វផ្សាយជុំវិញព័ត៌មានដែលថា “មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋ” នេះផងដែរ ដោយគាត់ថា នៅពេលតេទូរសព្ទម្តងៗ គឺធុញទ្រាន់នឹងសំឡេងនេះ (Call Tunes) នៅក្នុងទូរសព្ទនោះ។
លោកនិយាយថា៖ «តាមពិតប្រជាជនទំាងអស់ក៏គាត់យល់ដែរថា មេក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ បើធនាគារជាតិបានជារបស់រដ្ឋ។ ខ្ញុំចង់ឲ្យថាផ្អាកដែរ ព្រោះវា ឮសូរវារយៈពេលតែ១អាទិត្យ ឬ១០ថ្ងៃ។ វាបានហើយ រយៈពេល១ឆ្នាំ យូរណាស់ធ្វើឲ្យយើង ហៅទៅណា ឮតែពាក្យហ្នឹងដដែលៗ វាធុញទ្រាន់នឹងស្តាប់»។
នាយកប្រតិបត្តិសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជាលោក សន ជ័យ យល់ថា ការដាក់សំឡេងតាមទូរសព្ទ ឬ (Call Tunes) “មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋ“ គួរតែដាក់រយៈពេលខ្លី ជាជាងដាក់១ឆ្នាំ តាមការចង់បានរបស់លោក ហ៊ុន សែន ដោយលោកថា អាចធ្វើឲ្យពលរដ្ឋមួយចំនួនមានការធុញទ្រាន់និងរំលោភសិទ្ធិឯកជន។
លោកបញ្ជាក់ថា មុនដាក់សំឡេងនេះ ក្រុមហ៊ុនគួរតែសុំយោបល់ពីអ្នកប្រើប្រាស់សេវាទូរសព្ទ ជាមុនសិន។
លោកមានប្រសាសន៍ថា៖ «ក្រុមហ៊ុនទូរសព្ទ គួរតែមានរបៀបធ្វើការងាររបស់ខ្លួនមួយ សួរមតិយោបល់របស់អតិថិជន ព្រោះថាទូរសព្ទនេះ ជាទូរសព្ទឯកជនទេ ក្រុមហ៊ុនត្រូវតែមានការសុំយោបល់ពីអតិថិជនរបស់ ខ្លួន ថាតើគេ ត្រូវការសំឡេងរោទិ៍របស់រដ្ឋាភិបាលប៉ុន្មាន រយៈពេល១អាទិត្យ ៣ថ្ងៃក្នុង១ខែ អត់អាចដាក់ឲ្យគេរហូតទេ។ វាជាការរំលោភសិទ្ធិបុគ្គលដែរ នៅក្នុងសីមទូរសព្ទ ដែលជារបស់ឯកជន»។
លោកមេធាវី សំ សុគង់ ពន្យល់តាមនីតិវិធីច្បាប់ថា ករណីអ្នកប្រើប្រាស់សេវារបស់ក្រុមហ៊ុនទូរសព្ទ ហើយត្រូវបានម្ចាស់ក្រុមហ៊ុនដាក់សំឡេងក្នុងទូរសព្ទ ដែលអ្នកប្រើមិនពេញចិត្ត លោកថា ជាការរំលោភច្បាប់។
ករណីនេះ លោកថា បើអ្នកប្រើប្រាស់សេវាយល់ថាសំឡេងនោះ នាំឲ្យរំខាននិងប៉ះពាល់អារម្មណ៍ខ្លំាង ពួកគេមានសិទ្ធិប្តឹងទៅតុលាការនិងស្ថាប័នពាក់ព័ន្ធឲ្យលុបសំឡេងនោះចេញបាន។
លោកពន្យល់ថា៖ «បើសិនជាប្រជាពលរដ្ឋគាត់មើលឃើញថា ប៉ះពាល់សិទ្ធិគាត់ធ្ងន់ធ្ងរ គាត់អាចប្តឹងទៅសមត្ថកិច្ច ក៏ដូចជាតុលាការ ដើម្បីឲ្យក្រុមហ៊ុនប្តូរចំពោះការប្រើប្រាស់សំឡេង ឬមួយក៏យើងប្តឹងទៅតុលាការមានសត្ថកិច្ចពិនិត្យទៅលើអំពីការខូច ឬការរំលោភទៅលើកិច្ចព្រមព្រៀងរវាងអ្នកទិញសេវា និងអ្នកផ្តល់សេវា [ក្រុមហ៊ុន]ទៅតុលាការ ឲ្យតុលាការពិនិត្យលើចំណុចអង្គហេតុទំាងអស់នោះ»។
កាលពីថ្ងៃទី២២ខែកុម្ភៈ ក្រសួងពាណិជ្ជកម្ម បានតម្រូវឲ្យ ធនាគារពាណិជ្ជ ធនាគារឯកជន ធនាគារឯកទេស និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុឯកជន ដែលបានប្រើប្រាស់ម៉ាកពាណិជ្ជកម្មរបស់ខ្លួន មានលក្ខណៈស្រដៀងនឹងនិមិត្តសញ្ញាក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ត ឬធនាគារជាតិ ត្រូវធ្វើការកែតម្រូវម៉ាកពាណិជ្ជកម្មរបស់ខ្លួនឲ្យបានមុនថ្ងៃទី១០ខែមីនាឆ្នាំ២០១៧។
សេចក្តីប្រកាសរបស់ក្រសួងបែបនេះ ធ្វើឡើងភ្លាមៗក្រោយពីលោក ហ៊ុន សែន បានរិះគន់មន្រ្តីរដ្ឋាភិបាលរបស់លោកថា ធ្វើការ «ស្ទក់»ក្នុងការផ្សព្វផ្សាយកុំឲ្យពលរដ្ឋយល់ច្រឡំរឿងជំពាក់បំណុលឯកជនទៅនឹងបំណុលរបស់រដ្ឋ។
លើពីនេះទៀតលោក ហ៊ុន សែន ក៏បានបញ្ជាឲ្យប្រព័ន្ធផ្សព្វផ្សាយ និងក្រុមហ៊ុនទូរសព្ទទំាងអស់ ត្រូវជួយផ្សាយថា “មីក្រូហិរញ្ញវត្ថុជារបស់ឯកជន មិនមែនជារបស់រដ្ឋទេ” ដោយប្រើសារសំឡេងដូចគ្នានេះនៅក្នុងទូរសព្ទ (Call Tunes) ផងដែរ៕
Comments
Post a Comment