ភ្នំពេញ៖កាលព្រឹកថ្ងៃទី ០៣ មិនា ឆ្នាំ ២០១៧ អនុរ័ក្សពន្ធនាគារព្រៃសម២ បានបញ្ជូនស្ត្រីជនជាតិវេណេហ្ស៊ុយអេឡាម្នាក់មកសាលាដំបូងរាជធានីភ្នំពេញតាមដីកាបញ្ជារបស់ចៅក្រមដើមបើកកញ្ចប់គ្រឿងញៀនរបស់នាងនៅចំពោះមុខ ។ស្ត្រីជនបរទេសដែលបានឃាត់ខ្លួនមានឈ្មោះ MEJIAS NEILIN COROMOTO អាយុ២៨ឆ្នាំ ជនជាតិ វេណេហ៊្សុយអេឡា ជាអ្នកទេសចរណ៍ កាន់លិខិតឆ្លងដែនលេខ 121100315 ។
ជនសង្ស័យត្រូវឃាត់ខ្លួនកាលពីវេលាម៉ោង១៨និង៣០នាទី ថ្ងៃទី៦ កុម្ភៈ ឆ្នាំ ២០១៧នៅក្នុងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ខណៈនាងធ្វើដំណើរតាមយន្តហោះមកពីប្រទេសថៃ ។ក្នុងការបង្ក្រាបករណីជួញដូរគ្រឿងញៀនឆ្លងដែននេះ សមត្ថកិច្ចបានរកឃើញថានារីជាជនជាតិវេណេហ្ស៊ុយអេឡាម្នាក់នេះ បានប្រើវិធីសាស្ត្របង្កប់គ្រឿងញៀនប្រភេទកូកាអ៊ីនរហូតទៅដល់ចំនួន១៧៩១,២៣ក្រាមឯណ្ណោះនៅក្នុងឡេវអាវរាប់រយគ្រាប់ក្នុងកាបូបដាក់ខោអាវធំមួយ ហើយដំណើរតាមជើងយន្តហោះ PG935 ពីទីក្រុងបាងកកប្រទេសថៃចូលមកកាន់រាជធានីភ្នំពេញប្រទេសកម្ពុជា ហើយក៏ត្រូវកម្លាំងមានសមត្ថកិច្ចចម្រុះប្រចាំការនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញមានការសង្ស័យក៏ធ្វើការឆែកឆេររកឃើញសារធាតុញៀនជាច្រើនដែលគេបង្កប់ក្នុងឡេវអាវរាប់រយគ្រាប់ក៏ឃាត់ខ្លួនតែម្តង ។
សមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀនក្រសួងមហាផ្ទៃ កាលពីព្រឹកថ្ងៃទី ៩ ខែកុម្ភៈ ឆ្នាំ ២០១៧ បានបញ្ជូនស្ត្រីវេណេស៊ុយអេឡានេះមកកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីធ្វើការសាកសួរពាក់ព័ន្ធករណីដឹកជញ្ជូនគ្រឿងញៀនឆ្លងដែនពីប្រទេសថៃចូលមកកម្ពុជា ។ក្រោយការសាកសួរតំណាងអយ្យការនិងចៅក្រមបានសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្ដោះអាសន្នសិនក្រោមការចោទប្រកាន់ពីបទដឹកជញ្ជូនសារធាតុញៀនឆ្លងដែនខុសច្បាប់ ហើយទើបនៅថ្ងៃទី ៣ ខែមីនា ឆ្នាំ ២០១៧ ចៅក្រមបានបង្គាប់អោយអនុរ័ក្សពន្ធនាគារបញ្ជូននាងមកតុលាការដើម្បីបើកកញ្ចប់គ្រឿងញៀនជាវត្ថុតាងនោះនៅចំពោះមុខនាងតែម្ដង៕(EML)
Comments
Post a Comment