កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ត្រូវបានចរចាតាំងពីឆ្នាំ២០០៩ ក្នុងអាណត្តិរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែសភាស.រ.អា.មិនបានផ្តល់សច្ចានុម័តទេ ដោយសារសមាជិកសភាជាច្រើនជំទាស់ ឬមានមន្ទិលសង្ស័យលើកិច្ចព្រមព្រៀងនោះ។
ភ្នំពេញ —
នៅខណៈដែលប្រទេសកម្ពុជាមិនមែនជាសមាជិករបស់កិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិកផងនោះ លោកហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានចាត់ទុកថា កិច្ចព្រមព្រៀងនេះជាកិច្ចព្រមព្រៀងបង្កប់ល្បិចកលនយោបាយ ដែលមានចរិតបំបែកសមាគមន៍ប្រជាជាតិអាស៊ីអាគ្នេយ៍។
លោកហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានរិះគន់ខ្លាំងៗទៅលើកិច្ចព្រមព្រៀងពាណិជ្ជកម្មឆ្លងមហាសមុទ្រប៉ាស៊ីហ្វិក (Trans-Pacific Partnership) ដែលលោកយល់ថា ជាកិច្ចព្រមព្រៀងមួយប្រកបដោយភាពគ្រោះថ្នាក់។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP នេះ មានបំណងបង្កើនកំណើនសេដ្ឋកិច្ច គំាទ្រការបង្កើត និងការរក្សាការងារ លើកកម្ពស់ការច្នៃប្រឌិត ផលិតភាព និងភាពប្រកួតប្រជែង លើកតម្កើងជីវភាពរស់នៅ និងកាត់បន្ថយភាពភាពក្រីក្រជាដើម។
កិច្ចព្រមព្រៀងពាណិជ្ជកម្ម TPP ត្រូវបានចរចាតាំងពីឆ្នាំ២០០៩ ក្នុងអាណត្តិរបស់លោកអតីតប្រធានាធិបតី បារ៉ាក់ អូបាម៉ា ប៉ុន្តែសភាស.រ.អា.មិនបានផ្តល់សច្ចានុម័តទេ ដោយសារសមាជិកសភាជាច្រើនជំទាស់ ឬមានមន្ទិលសង្ស័យលើកិច្ចព្រមព្រៀងនោះ។ កិច្ចព្រមព្រៀងនេះត្រូវបានទាត់ចោលដោយរដ្ឋបាលថ្មីរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកថ្មីគឺ លោក Donald Trump កាលពីខែមករា។
ក្នុងពិធីចែកសញ្ញាប័ត្រមួយ ធ្វើឡើងនៅរាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្ត្រីហ៊ុន សែនបានថ្លែងប្រាប់ក្រុមមន្ត្រីរបស់លោកថា កិច្ចព្រមព្រៀង TPP មានចរិតបំបែកសមាជិករបស់អាស៊ាន ហើយលោកចង់ឃើញការរលាយសាបសូន្យនៃកិច្ចព្រមព្រៀងនេះ។
Comments
Post a Comment