ភ្នំពេញៈ ភរិយារបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាប្រធានកាកបាទក្រហមកម្ពុជាលោកស្រី ប៊ុន រ៉ានី ហ៊ុន សែនបានទទួលសញ្ញាបត្រថ្នាក់បណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យក្វាំងស៊ីនៃប្រទេសចិនក្នុងការថែរក្សាវប្បធម៌ អក្សរសាស្ត្រ និងលើកតម្កើងផ្នែកសិល្បៈកម្ពុជា។
ក្នុងពិធីប្រគល់ និងទទួលសញ្ញាបត្រពីម្សិលមិញនៅសាលសន្និសីទ ចតុមុខ ប្រធានកាកបាទក្រហមកម្ពុជា លោកស្រី ប៊ុន រ៉ានី មានប្រសាសន៍ថាកិត្តិយសដែលទទួលបាននាពេលនេះក៏បានបង្កើតនូវគំរូដ៏ប្រពៃមួយដល់សហសេវិកថ្នាក់ដឹកនាំ មន្ត្រីរាជការក៏ដូចជាប្រជាជនកម្ពុជានៅទូទាំងប្រទេសឲ្យខិតខំបង្កើតនូវគុណបំណាច់ និងស្នាដៃធំធេងចំពោះប្រទេសជាតិ។
លោកស្រីបន្តថា៖ «សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអក្សរសាស្ត្រដែលសម្តេចទទួលបានពីសាកលវិទ្យាល័យជនជាតិក្វាំងស៊ីរបស់ចិនមិនមែនជាកិត្តិយសសម្រាប់តែសម្តេចនោះទេតែគឺជាកិត្តិយសដ៏ឧត្តុង្គឧត្តមមួយទៀតសម្រាប់សង្គមជាតិកម្ពុជាទាំងមូល ជាពិសេសសម្រាប់ស្ត្រីខ្មែរ»។
បន្ថែមពីនេះលោកស្រីបានប្តេជ្ញាថាក្នុងនាមជាស្ត្រីខ្មែរមួយរូបនឹងប្តេជ្ញាដ៏មុតមាំក្នុងការបន្តថែរក្សា និងលើកស្ទួយនូវវិស័យអក្សរសាស្ត្រជាតិឲ្យស្ថិតស្ថេរ និងរីកចម្រើនគង់វង្សតទៅ និង ស្នើឱ្យប្រជាជនកម្ពុជាគ្រប់ស្រទាប់គ្រប់វ័យជាពិសេសស្ត្រីគ្រប់រូបចូលរួមទទួលនូវការបណ្តុះបណ្តាល និងការអាន ការតាក់តែងនិពន្ធសំដៅលើកស្ទួយវិស័យអក្សរសាស្ត្រជាតិដើម្បីធ្វើឲ្យប្រជាជន និងសង្គមជាតិទាំងមូលរស់នៅក្នុងវប្បធម៌ ទំនៀមទម្លាប់ និងប្រពៃណីដ៏ថ្លៃថ្នូរ។
អគ្គលេខាធិការរងកាកបាទក្រហមកម្ពុជា និងជានាយិកាខុទ្ទកាល័យ លោកស្រី ប៊ុន រ៉ានី គឺលោកស្រី ម៉ែន នារីសោភ័គ ប្រាប់ភ្នំពេញប៉ុស្តិ៍បន្ថែមថា ការផ្តល់សញ្ញាបត្រដល់ប្រធានកាកបាទក្រហមនេះដោយសារលោកស្រី ប៊ុន រ៉ានី បានចូលរួមកម្មភាពជាច្រើនក្នុងការងារមនុស្សធម៌ជាពិសេសលើកតម្កើងអក្សរសាស្ត្រខ្មែរ។
លោកស្រីថា៖ «ព្រោះសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជាមេដឹកនាំស្ត្រីគំរូចេះបណ្តុះគំនិតឱ្យអភិវឌ្ឍខ្លួនឯងតាំងពីឆ្នាំ ១៩៧៩ ជួយដល់ស្ត្រី និងកុមារដែលសល់ពីសង្គ្រាមសកម្មបំផុតក្នុងជំរុញ និងលើកតម្កើងសិល្បៈ វប្បធម៌ ការអប់រំ តាក់តែងបទចម្រៀងផ្សេងៗក្នុងការងារមនុស្សធម៌ និងផ្តល់ការអប់រំពាក់ព័ន្ធគ្រឿងញៀនជួយដល់ប្រជាពលរដ្ឋរងគ្រោះផ្តល់តម្លៃខ្ពស់ដល់ការរៀនសូត្រ»។
បើតាមលោកស្រី នារីសោភ័គ នេះជាលើកទី ៥ ដែលលោកស្រី ប៊ុន រ៉ានី ហ៊ុន សែន ទទួលបានសញ្ញាបត្រពីសាកលវិទ្យាល័យនានាទាំងក្នុង និងក្រៅស្រុក។
លោកស្រីថា៖ «លើកទី ១ ទទួលសញ្ញាបត្រផ្នែកការងារមនុស្សធម៌ពីសាកលវិទ្យាល័យកម្ពុជានៅឆ្នាំ ២០០៨ ទី ២ សញ្ញាបត្រផ្នែកអក្សរសាស្ត្រ សញ្ញាបត្រផ្នែកសេដ្ឋកិច្ច វិទ្យាសាស្ត្រអប់រំនៅឆ្នាំ ២០០៩ ពីសាកលវិទ្យាល័យនានានៃសាធារណរដ្ឋកូរ៉េ និងលើកទី ៥ ឆ្នាំ ២០១៧ សញ្ញាបត្រផ្នែកអក្សរសាស្ត្រខ្មែរពីសាកលវិទ្យាល័យចិន» ។
លោកស្រីក៏បានបដិសេធចំពោះការចោទប្រកាន់ដែលថាកាកបាទក្រហមធ្វើការលម្អៀងទៅបក្សកាន់អំណាចផងដែរ។
សាកលវិទ្យាធិការនៃសាកលវិទ្យាល័យក្វាំងស៊ីលោក Xie Shanggo ថ្លែងតាមរយៈការបកប្រែថា ជាច្រើនឆ្នាំមកនេះ សម្តេចគតិបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានយកចិត្តទុកដាក់ខ្ពស់ពីទំនាក់ទំនងជាមួយចិន និងជំរុញការអប់រំ វប្បធម៌ចិន និងកម្ពុជា។
លោកបន្តថា «ដោយផ្អែក លើសកម្មភាពបន្ទាប់ពីពិភាក្សាគ្នាគណៈកម្មាធិការវាយតម្លៃផ្តល់សញ្ញាបត្រនេះបានយល់ព្រមដោយសំឡេងឯកច្ឆន្ទប្រគល់សញ្ញាបត្រនេះហើយក៏បានរាយការណ៍ជូនមន្ទីរអប់រំខេត្តក្វាំងស៊ីហើយការប្រគល់សញ្ញាបត្រមិនត្រឹមតែជាផ្នែកអក្សរសាស្ត្រថែមទាំងជាការកោតសរសើរដែលបានខំប្រឹងប្រែងអភិវឌ្ឍនៅកម្ពុជា»។
ទាក់ទងនឹងការងារមនុស្សធម៌អង្គការ Global Witness ប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ពីម្សិលមិញថានៅខែ តុលា ឆ្នាំ ២០១៣ បន្ទាប់ពីមានគ្រោះទឹកជំនន់ធ្ងន់ធ្ងរដែលបានជម្លៀសប្រជាជនរាប់ម៉ឺននាក់ លោកជំទាវ ប៊ុន រ៉ានី បានផ្តល់អង្ករ និងសម្ភារផ្សេងៗទៀត ដោយម្ចាស់ជំនួយរបស់កាកបាទក្រហមកម្ពុជាក៏នៅក្នុងពិធីមួយចំពោះមុខមនុស្សរាប់រយនាក់ដែរ ពេលនោះលោកស្រីបានថ្លែងទៅកាន់ហ្វូងមនុស្ស ហាក់បីដូចជា ការបរិហារលើគណបក្សប្រឆាំងថា៖ «នៅពេលមានទឹកជំនន់ ឬ ឧប្បត្តិហេតុណាមួយកើតឡើង ឪពុកម្តាយ និងបងប្អូនប្រុសស្រីបានឃើញហើយ គឺគ្មានគណបក្សណាផ្សេងទៀតចូលមកជួយបងប្អូននៅទីនេះទេ...គឺមានតែគណបក្សប្រជាជនកម្ពុជាតែមួយប៉ុណ្ណោះ ពីព្រោះមន្ត្រីរាជការទាំងអស់ គឺមកពីគណបក្សប្រជាជនកម្ពុជា»។
បន្ទាប់មកអង្គការ Global Witness ក៏បានជំរុញឲ្យសហព័ន្ធអន្តរជាតិនៃសមាគមកាកបាទក្រហម និងអឌ្ឍចន្ទក្រហមដកកាកបាទក្រហមកម្ពុជាចេញពីសមាជិកភាពរបស់ខ្លួនដោយសារអង្គការនេះត្រូវបានប្រើប្រាស់ដោយគ្រួសារលោក ហ៊ុន សែន និងបក្សប្រជាជនដែលកំពុងកាន់អំណាចសម្រាប់ចំណេញនយោបាយ។
រាយការណ៍បន្ថែមដោយ Erin Handley (http://www.postkhmer.com)
Comments
Post a Comment