ថ្ងៃអង្គារ ទី២១ ខែមីនា ឆ្នាំ២០១៧ ម៉ោង ០៩:១២ (21-03-2017 09:12)ខេត្តប៉ៃលិន ៖ ក្រោយពីមានលិខិតស្នើសុំថវិកាដើម្បីចូលរួមចំណែកយកទៅសាងសង់របងសាលា រៀនបឋមសិក្សា ហ៊ុន សែន អូរច្រា កាលពីប៉ុន្មានថ្ងៃកន្លងមក ប្រជាពលរដ្ឋមួយចំនួនដែលមានកូនចៅច្រើន រហូតដល់៧ទៅ៨នាក់នៅក្នុងបន្ទុកគ្រួសារបានប្រតិកម្មយ៉ាងខ្លាំង ហើយពួកគេមួយចំនួនអត់ចង់ទៅរៀនសូត្រនោះឡើយខ្លាចគ្រូសម្លុត ខណៈឪពុកម្តាយអត់មានលុយបង់ជូនទៅសាលារៀន ។
ប្រភពព័ត៌មានពីស្ត្រីជាម្តាយសិស្សរស់នៅក្បែរៗសាលារៀនខាងលើបានលើកឡើ ងថា សិស្សរៀននៅក្នុងសាលាខាងលើជាង៣០០នាក់ការប្រមូលថវិកាពីសិស្សម្នាក់ៗចំនួន៦.០០០រៀលក្នុង១ឆ្នាំបានធ្វើឡើងអស់រយៈពេល១ឆ្នាំកន្លងមកហើយ ដោយពីមុនពួកគាត់មានលុយគ្រប់គ្រាន់អាចបង់ឱ្យគ្រូបាន តែរហូតមកដល់ពេលនេះដោយសារជីវភាពខ្វះខាត ពួកគាត់អត់មានប្រាក់គ្រប់គ្រាន់ដើម្បីឱ្យកូនយកទៅបង់ជូនសាលារៀនបាននោះឡើយ ។ ការអត់មានលុយបង់គ្រប់គ្រាន់នេះធ្វើឱ្យកូនចៅរបស់ពួកគាត់មួយចំនួនអត់ហ៊ានចូលរៀននោះទេ ព្រោះខ្លាចគ្រូស្តីបន្ទោស និងដកពិន្ទុផងដែរ ។
ប្រភពបន្តទៀតថា កូនៗរបស់ពួកគាត់តែងតែរអ៊ូប្រាប់ពួកគាត់ថា លោកគ្រូអ្នកគ្រូនៅសាលារៀននេះបានរៃ អង្គាសថវិកាពីសិស្សជាញឹកញាប់រៀងរហូត ដូចជារៃអង្គាសទិញទឹកសុទ្ធឱ្យគ្រូហូប រៃអង្គាសទិញឥដ្ឋប្រហោង និងទិញឥដ្ឋការ៉ូសម្រាប់សាលារៀនជាដើម ។ បើសិនជាអ្នកណាអត់មានលុយឱ្យទេគ្រូតែងតែនិយាយថា អត់ឱ្យពិន្ទុហើយឱ្យត្រួតថ្នាក់ជាដើមទើបកូនចៅគាត់មួយចំនួនឈប់រៀនឱ្យជួយធ្វើការងារឪពុកម្តាយនៅផ្ទះមួយចំនួន ។ ចំណែកគ្រូមួយចំនួនទៀតអត់សូវយកចិត្តទុកដាក់បង្រៀនសិស្សនោះទេដោយរវល់តែលក់ដូរក្នុងសាលារៀនធ្វើឱ្យកូនៗ របស់ពួកគាត់រៀនមិនសូវចេះនោះឡើយ ។
ពួកគាត់បញ្ជាក់ទៀតថា សាលារៀនមួយនេះកាលពីពេលថ្មីៗសម្តេច ហ៊ុន សែន ទើបតែជួយឧបត្ថម្ភថវិកា ដើម្បីសាងសង់អគារកំពស់ពីរទៅបីជាន់ ប៉ុន្តែបែរជាខ្វះថវិកាធ្វើរបងហើយរៃអង្គាសពីសិស្សទៅវិញ ។ ពាក់ព័ន្ធទៅនឹងបញ្ហានេះលោកស្រី អ៊ុង សុជាតា ហៅពៅ ជានាយិកាសាលាបឋមសិក្សា ហ៊ុន សែន អូរច្រា បានឱ្យដឹងថា ពាក់ព័ន្ធទៅនឹងការរៃអង្គាសថវិកា ដើម្បីសាងសង់របងសាលារៀននេះមិនពាក់ព័ន្ធទៅនឹងគ្រូក្នុងសាលារៀនេះឡើយ គឺខាងលោក នួន សាវុធ ជាប្រធានគណកម្មាការទ្រទ្រង់សាលាជាអ្នកប្រមូលយកទៅធ្វើរបងសាលារៀននេះដោយព្រះសង្ឃគង់នៅវត្តអូរច្រាជាអ្នកផ្តួចផ្តើមជួយសាងសង់ជូនដើម្បីការពារកុំឱ្យបាត់បង់ទ្រព្យសម្បត្តិក្នុងបរិវេណសាលា ។
លោកស្រីបន្តទៀតថា ចំណែកការរៃអង្គាសថវិកាដើម្បីទិញឥដ្ឋការ៉ូ និងឥដ្ឋផ្សេងទៀតខាងលោកស្រីបានធ្វើមែនគឺដើម្បីរៀបចំក្រាលឥដ្ឋក្នុងបរិវេណសាលាកុំឱ្យមានការលំបាកធ្វើដំណើរ ខណៈមានភ្លៀងធ្លាក់ជោកជាំ ។ ចំណែកការលក់ដូរនំចំណីនៅក្នុងសាលានោះគ្រូអត់មានលក់ទេគឺប្រពន្ធគ្រូ និងបងប្អូនតែប៉ុណ្ណោះអត់មានលោកគ្រូអ្នកគ្រូណាម្នាក់លក់ដូរនោះទេ ។ ចំណែកលោក នួន សាវុធ ប្រធានគណកម្មាការទ្រទ្រង់សាលាបឋមសិក្សាខាងលើបានឱ្យដឹងថា ការស្នើសុំថវិកាដល់សិស្សម្នាក់៦.០០០ពាន់រៀលក្នុង១ឆ្នាំនេះ គឺខាងលោកបានជួបប្រជុំជាមួយគណកម្មាការ លោកគ្រូអ្នកគ្រូ ព្រមទាំងឪពុកម្តាយសិស្ស រួចរាល់អស់ហើយ ថែមទាំងយល់ព្រមគ្នាផងដែរដោយបានទទួលថវិកានោះ១ឆ្នាំកន្លងមកហើយ ដើម្បីយកទៅធ្វើរបងសាលារៀន ៕
kohsantepheapdaily.com.kh
Comments
Post a Comment